កាលពីដើមសប្ដាហ៍នេះ មហាសេដ្ឋីអាមេរិក Warren Buffett បានប្រកាសថា លោកនឹងលាលែងពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway នៅចុងឆ្នាំឆ្នាំ២០២៥ ខណៈដំណឹងនេះបានធ្វើឲ្យភាគហ៊ុន Berkshire ដាំក្បាលចុះមួយរំពេច។


សារព័ត៌មាន Nairametrics បានចុះផ្សាយនៅថ្ងៃទី០៩ ខែឧសភាថា ក្រោយមហាសេដ្ឋីវ័យ ៩៤ឆ្នាំប្រកាសពីដំណឹងនេះ ទ្រព្យសម្បត្តិរបស់លោកបានបាត់បង់ប្រហែល ៨ពាន់លានដុល្លារ ដោយសារតម្លៃហ៊ុននៃក្រុមហ៊ុន Berkshire ធ្លាក់ចុះប្រហែល ៥%។
រយៈពេលជិតមួយសប្ដាហ៍នេះ ស្ថានភាពភាគហ៊ុនរបស់ក្រុមហ៊ុនកំពូលអាមេរិក មិនទាន់មានភាពប្រសើរឡើងនោះឡើយ ខណៈវិនិយោគិនបានលក់ភាគហ៊ុនជាច្រើនថែមទៀត។
សូមជម្រាបដែរថា មហាសេដ្ឋី Warren Buffett អះអាងថា លោកនឹងលាលែងពីតំណែងជា CEO ប្រចាំក្រុមហ៊ុន Berkshire Hathaway នៅចុងឆ្នាំនេះ និងប្រគល់តំណែងជូនលោក Greg Abel មានតួនាទីជាអនុប្រធានក្រុមហ៊ុន ឲ្យក្លាយជាអ្នកស្នងតំណែងរបស់លោកវិញ៕
អត្ថបទ៖ Luffy រូបភាព៖ CNBC