លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ជួបគណៈប្រតិភូនៃគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខ សហរដ្ឋអាម៉េរិក-ចិន (USCC) ដោយគូសបញ្ជាក់ពីវិធានការសម្រាប់បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។


ក្នុងជំនួបនាព្រឹកថ្ងៃទី៨ ខែឧសភានេះជាមួយលោកស្រី Reva Price ប្រធានគណៈកម្មការត្រួតពិនិត្យសេដ្ឋកិច្ច និងសន្តិសុខ សហរដ្ឋអាម៉េរិក-ចិន លោក ស៊ុន ចាន់ថុល បានប្រាប់អំពីកិច្ចការនានាដែលកម្ពុជាបាន និងកំពុងអនុវត្តយ៉ាងយកចិត្តទុកដាក់ ជុំវិញកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាម៉េរិក ដែលរួមមាន ជំនួបពិភាក្សាតាមប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ជាមួយភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ចំនួន២លើក និងកិច្ចការពាក់ព័ន្ធផ្សេងៗទៀត។
ជាមួយគ្នានេះ គណៈប្រតិភូ USCC ក៏បានលើកឡើងពីបេសកកម្មរបស់ USCC ដែលជាទីភ្នាក់ងារឯករាជ្យមួយនៃសាខានីតិបញ្ញត្តិរបស់សហរដ្ឋអាម៉េរិក ទទួលបន្ទុកលើការត្រួតពិនិត្យ ស៊ើបអង្កេត និងរាយការណ៍ទៅសភាសហរដ្ឋអាម៉េរិកអំពីកិច្ចការនានាពាក់ព័ន្ធនឹងសន្តិសុខនៃទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងសាធារណរដ្ឋប្រជាមានិតចិន។ ភ្ជាប់ជាមួយនឹងការកត់សម្គាល់អំពីការផ្លាស់ប្តូរមុខមាត់របស់កម្ពុជាទាំងផ្នែកសេដ្ឋកិច្ច និងសង្គម គណៈប្រតិភូ USCC ក៏បានលើកឡើងអំពីប្រតិបត្តិការផ្ទេរមធ្យោបាយដឹកជញ្ជូន(Transshipment) ដែលជាហេតុនាំឱ្យដើមកំណើតទំនិញមួយចំនួនមានការកែប្រែ មុននឹងមានការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តប្រាប់អំពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ និងជំរុញការអនុវត្តច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ប្រកបដោយតម្លាភាពសម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
លោកបានរំលេចពីការដាក់ចេញនូវប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងពាណិជ្ជកម្ម ស្តីពី វិធានការសម្រាប់បង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និង ប្រកាសក្រសួងពាណិជ្ជកម្ម ស្តីពី នីតិវិធីក្នុងការស្នើសុំ និងការចេញលិខិតអនុញ្ញាតបញ្ជាក់ដើមកំណើតទំនិញ សម្រាប់ការនាំចេញទំនិញមួយចំនួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ដែលទាំងអស់នេះសុទ្ធសឹងបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងន័យស្ថាបនា និងផលិតភាពជាមួយភាគីអាម៉េរិក៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ CDC