ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានចេញសេចក្តីជូនដំណឹងដល់ពលរដ្ឋ ដែលកំពុងរស់នៅអគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) ដែលមានទីតាំងនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ត្រូវបញ្ឈប់ការរស់នៅនិងត្រូវចាកចេញក្នុងរយះពេល១៥ថ្ងៃ ដើម្បីកុំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។


ដោយផ្អែកតាមការចុះត្រួតពិនិត្យ និងវាយតម្លៃគុណភាពសំណង់ ការវិភាគលើគុណភាពនិងសុវត្ថិភាព គ្រឿងផ្គុំសំណង់ និងលទ្ធផលនៃការពីសោធន៍លើសម្ភារៈសំណង់អគាររបស់មន្ទីរពិសោធន៍ជាតិសំណង់ បានពិនិត្យឃើញថា សំណង់អាគារមានសភាចាស់ទ្រុឌទ្រោមខ្លាំង បាត់បង់តុល្យភាពលំនឹង អាចប្រឈមនិងការបាក់រលំជាយថាហេតុ ដោយមិនផ្តល់សញ្ញាជាមុន អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។ ដូចនេះដើម្បីបញ្ចៀសគ្រោះថ្នាក់ដល់អាយុជិវិត ក្រសួងដែនដីបានចេញសេចក្តីជូនដំណឹង៖
១ ប្រជាពលរដ្ឋ ៤ គ្រួសារ ដែលកំពុងស្នាក់នៅត្រូវបញ្ឈប់ការរស់នៅ និងត្រូវធ្វើការចាកចេញពីអគារនេះក្នុងរយៈពេល ១៥ ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
២ រដ្ឋបាលរាជធានីភ្នំពេញ ត្រូវចាត់វិធានការបន្ទាន់ជាអាទិ៍ ហ៊ុំព័ទ្ធ ហាមចូល និងហាមប្រើប្រាស់អគារនេះ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
៣ ក្រសួងនឹងសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីវាយរំលំសំណង់អគារចាស់ទ្រុឌទ្រោមនេះ ក្រោយផុតពេលកំណត់នៃការចាកចេញរបស់គ្រួសារប្រជាពលរដ្ឋចុងក្រោយចំនួន ៤ គ្រួសារ ខាងលើ។
គួររំលឹកថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) បានសាងសង់ឡើងអំឡុងឆ្នាំ១៩៥០ រហូតមកដល់បច្ចុប្បន្ននេះមានអាយុកាល ៧៥ឆ្នាំមកហើយ ដែលមានទំហំសរុប ៥៩០ម៉ែត្រការ៉េ មានកម្ពស់៦ជាន់ ស្មើនឹង ១០៧បន្ទប់ និងមានប្រជាពលរដ្ឋរស់នៅ សរុបចំនូន ៦៥គ្រួសារ៕
