របាយការណ៍ស្រាវជ្រាវពីក្រមហ៊ុន Juwai IQI បានបង្ហាញថា ក្រុមអភិជនចិនកំពុងបង្ហាញចំណាប់អារម្មណ៍ខ្លាំង ចំពោះការបណ្ដាក់ទុនលើទីផ្សារអចលនទ្រព្យក្នុងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី បន្ទាប់ពីលែងមានជំនឿចិត្តចំពោះទីផ្សារអាមេរិក។


សហរដ្ឋអាមេរិកបានខ្ទាតពីកំពូលតារាង មកដល់លេខរៀងទី០៧ ក្នុងបញ្ជីទិសដៅនៃការវិនិយោគវិស័យអចលនទ្រព្យ របស់សេដ្ឋីៗស្រុកចិន ដែលមានបំណងទិញផ្ទះតម្លៃចាប់ពី ៥លានដុល្លារឡើងទៅ។
សេដ្ឋីៗស្រុកចិនទាំងនោះ បានចាប់អារម្មណ៍ជាមួយទីផ្សារអចលនទ្រព្យនៅសិង្ហបុរី និងម៉ាឡេស៊ី ជាជាងនៅអាមេរិក ដោយសារបញ្ហាសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក គួបផ្សំកត្តាចាយវាយក្នុងតំបន់ផង បានជំរុញចិត្តឲ្យអភិជនចិនសម្រេចរើសយកការទិញផ្ទះនៅតំបន់អាស៊ាន ជំនួសឲ្យការចាយលុយទិញផ្ទះនៅអាមេរិក។
របាយការណ៍ពីក្រុមហ៊ុន Juwai IQI បានបញ្ជាក់ទៀតថា ហេតុផលដែលសេដ្ឋីចិនទាំងនោះ ចាយលុយរាប់លានដុល្លារ ដើម្បីទិញផ្ទះនៅបរទេស គឺដើម្បីប្រើប្រាស់ជាផ្ទះលំហែសម្រាប់គ្រួសារ ក្នុងរដូវវិស្សមកាល ឬក៏សម្រាប់ទុកឲ្យកូនៗរបស់ពួកគេស្នាក់នៅ បើសិនជាបញ្ជូនឲ្យទៅរៀនបន្តនៅបរទេស ខណៈមួយចំនួនទៀតទិញអចលនទ្រព្យទាំងនោះ ដើម្បីជាការវិនិយោគ៕
អត្ថបទ៖ Luffy រូបភាព៖ Bloomberg