TikTok រងការផាកពិន័យពី EU ៦០០លានដុល្លារ ជុំវិញការផ្ទេរទិន្នន័យទៅចិន

សហភាពអឺរ៉ុប (EU) បានសម្រេចផាកពិន័យក្រុមហ៊ុន TikTok យ៉ាងចាស់ដៃ រហូតដល់ ៥៣០លានអឺរ៉ូ ឬប្រហែល ៦០០លានដុល្លារកាលពីថ្ងៃទី០២ ខែឧសភា ដោយចោទថា ក្រុមហ៊ុននេះបានផ្ទេរព័ត៌មានផ្ទាល់ខ្លួនរបស់ជនជាតិអឺរ៉ុបទៅកាន់ប្រទេសចិន និងបរាជ័យក្នុងការការពារទិន្នន័យអ្នកប្រើប្រាស់ ពីអាជ្ញាធរចិន។

តាមដានជាមួយយើង៖ Million Times

TikTok បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា ពួកគេនឹងធ្វើការប្ដឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តរបស់ទីក្រុងប្រ៊ុចសែល ហើយអះអាងថា ក្រុមហ៊ុនមិនដែលទទួលបានសំណូមពរពីអាជ្ញាធរចិន ក្នុងការចូលឆែកទិន្នន័យអ្នកប្រើប្រាស់កម្មវិធី TikTok ឡើយ។

នេះគឺជាការផាកពិន័យធំបំផុតលើកទី២ ដែល EU បានដាក់ទៅលើក្រុមហ៊ុន TikTok ដោយកាលពីឆ្នាំ២០២៣ ពួកគេពិន័យ TikTok ចំនួន ៣៤៥លានអឺរ៉ូ ជុំវិញការល្មើសច្បាប់របស់តំបន់អឺរ៉ុប ពាក់ព័ន្ធនឹងករណីរក្សាទុកទិន្នន័យកុមារ។

គួរជម្រាបបន្តិចថា ក្រុមហ៊ុនចិន TikTok នេះ កំពុងជួបព្យុះភ្លៀងធំបំផុតមិនធ្លាប់មាន ដោយរងការផាកពិន័យធ្ងន់ធ្ងរពីអឺរ៉ុប ចំពេលប្រតិបត្តិការនៅអាមេរិកប្រឈមនឹងការបិទអាជីវកម្ម ពោលប្រធានាធិបតី Donald Trump បង្ខំឲ្យក្រុមហ៊ុននេះលក់ភាគហ៊ុនយ៉ាងតិច ៥០% ឬទាំងស្រុង បើសិនជាចង់បន្តអាជីវកម្មនៅអាមេរិកទៀត៕

អត្ថបទ៖ Luffy រូបភាព៖ AP