កំពូលអ្នកជំនួញអនឡាញសម្ដីចាក់ទឹកមិនលិច យូរ៉ា មានឈ្មោះល្បីល្បាញព្រោះតែភាពកំប្លុកកំប្លែង ដែលជាការធ្វើទីផ្សារមិនដូចនរណានោះ ត្រូវបានគេចាត់ទុកជាស្រ្តីកំពុងជោគជ័យក្នុងមុខរបររកស៊ីផ្នែកផលិតផលថែរក្សាសម្រស់។


អ្នកនាង យូរ៉ា ក៏មិនខុសពីអ្នកអនឡាញដទៃទៀតដែរ ក្រោយជំនួញកាក់កប់ហើយការរស់នៅ និងរៀបចំខ្លួនកាន់តែហ៉ឺហារ និងស៊ីវិល័យ ពិសេសពេលចេញក្រៅម្ដងៗ។
ដ្បិតថាការរកស៊ីនៅខេត្តបន្ទាយមានជ័យ តែស្ត្រីអនឡាញសម្បូរវោហារស៍ព្ទរូបនេះ ក៏មានអតិថិជនគាំទ្រខ្លាំងមិនធម្មតាដែរ។ បែបនោះហើយទើបជីវភាពកាន់តែសម្បូរបែប នាំឲ្យភរិយាលោក កែវ វិចិត្រ មានលទ្ធភាពទិញរថយន្តទំនើបៗជាច្រើនគ្រឿង។


មិនត្រឹមមានយុទ្ធសាស្រ្តទីផ្សារខុសពីអ្នកដទៃអ្នកនាង យូរ៉ា ក៏មានរសនិយមសម្ញែងគ្រឿងអលង្ការ ផ្សេងពីគេដែរ ដោយអ្នកអនឡាញជាច្រើន តែងទិញពេជ្រលម្អខ្លួន ផ្ទុយទៅវិញម្ចាស់ប្រេន Yura In White បែរជាចូលចិត្តពាក់មាសស្រោចខ្លួន។
បើទោះជាមាសឡើងថ្លៃយ៉ាងណាក្ដីថៅកែឡេវ័យ ៣០ ឆ្នាំបានទិញមាសជាគ្រឿងអលង្ការបន្ថែម និងទិញកាបូបដៃមាសទម្ងន់រាប់គីឡូឯណោះ។
ក្រៅពីកំពុងកាក់កប់មុខជំនួញហើយនោះ ស្រ្តីជំនួញអនឡាញរូបនេះក៏មានជីវិតស្នេហាល្អូកល្អិនដែរ មិនត្រឹមមានស្វាមីរូបសង្ហាថែមទាំងចេះជួយកិច្ចការរកស៊ី និងស្មោះស្ម័គ្រចំពោះគ្រួសារ៕
អត្ថបទមេរ៉ា,រូបភាព Yura In White