ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប របស់មហាសេដ្ឋីលំដាប់ជួរមុខ គិត ម៉េង បានចូលរួមបរិច្ចាគដល់ការងារសប្បុរសធម៌យ៉ាងសកម្ម ដោយក្នុងរយៈពេល ៣០មកនេះ ក្រុមហ៊ុនបានចូលរួមបរិច្ចាគថវិកាប្រមាណជិត ៦លានដុល្លារអាមេរិកជូនកាកបាទក្រហមកម្ពុជា។
នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា ទទួលជួបសវនាការ ជាមួយគណៈប្រតិភូក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ( ROYAl GROUP) ដឹកនាំដោយ ឧកញ៉ា គិត ស៊ូឡា អគ្គនាយកប្រតិបត្តិក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ដែលបាននាំយកថវិកា ចំនួន ១.០៩៩.៩៩៩ ដុល្លារ (មួយលានប្រាំបួនម៉ឺនប្រាំបួនពាន់ប្រាំរយកៅសិបប្រាំបួនដុល្លារអាម៉េរិក) មកឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៥ និងខួបលើកទី៧០ឆ្នាំ នៃកាកបាទក្រហមកម្ពុជា ក្រោមមូលបទ «រួមគ្នាស្ម័គ្រចិត្ត ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ»។


បើតាមកាកបាទក្រហមកម្ពុជា គិតចាប់ពីឆ្នាំ១៩៩៥ មកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានឧបត្ថម្ភដល់កាកបាទក្រហមកម្ពុជា ចំនួន ៣១លើក មានថវិកាសរុប ៥.៩៧៧.៩៩៧ ដុល្លារ, អង្ករ ២០០តោន និងរថយន្ត ២គ្រឿង។
ឧកញ៉ា គិត ស៊ូឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុន និងសប្បុរសជន វិស័យឯកជន បានចូលរួមសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា៕

