របាយការណ៍ស្រាវជ្រាវមួយបង្ហាញដោយមជ្ឈមណ្ឌល Media Research Center (MRC) បានឲ្យដឹងថា រយៈពេល ១០០ថ្ងៃដំបូងនៃការក្លាយជាប្រធានាធិបតីអាមេរិក លោក Donald Trump រងនូវការវាយប្រហារយ៉ាងដំណំពីស្ថាប័នសារព័ត៌មានក្នុងស្រុក។


MRC បានអះអាងថា ក្នុងចំណោមស្ថាប័នព័ត៌មានទាំងអស់ គេហទំព័រ ABC, NBC និង CBS វាយប្រហារលោក Trump ដោយគ្មានយោគយល់ ពោលរយៈពេល ១០០ថ្ងៃដំបូង ពួកគេបានផ្សាយពីរឿងអវិជ្ជមានរបស់ថ្នាក់ដឹកនាំអាមេរិក រហូតដល់ ៩២% ឯណោះ។
MRC បានស្រាវជ្រាវឃើញថា កម្មវិធី World News Tonight របស់ប៉ុស្តិ៍ ABC កម្មវិធី Nightly News របស់ប៉ុស្តិ៍ NBC និងកម្មវិធី Evening News របស់ប៉ុស្តិ៍ CBS បានផ្សាយព័ត៌មានសរុប ៨៩៩រឿង ពីថ្ងៃទី២០ ខែមករា រហូតដល់ថ្ងៃទី០៩ ខែមេសា ដោយជជែកវែកញែកពីប្រធានាធិបតី និងរដ្ឋបាលលោក Trump។ ក្នុងនោះ តួលេខ ៩២,២% និយាយពីរឿងអវិជ្ជមាន ហើយមានតែ ៧,៨% ប៉ុណ្ណោះលើកសរសើរលោក Trump។

ប្រភពដដែលបានបញ្ជាក់ទៀតថា ក្នុងចំណោមប្រធានបទដែលស្ថាប័នព័ត៌មានទាំងនេះ លើកមកជជែកអំពីលោក Trump គឺទាក់ទងនឹងបញ្ហាគោលនយោបាយរបស់លោក ដែលរួមមានវិធានការទារពន្ធគយសងសឹក ការបង្កើតនាយកដ្ឋាន DOGE និងការបណ្ដេញជនភៀសខ្លួនជាដើម៕
អត្ថបទ៖ Luffy រូបភាព៖ Fox News