លោក Xi ជំរុញអភិវឌ្ឍន៍ AI និងឱកាសឈានមុខរបស់ចិនក្នុងសកលលោកខាងត្បូង ចំពេលមានសង្រ្គាមពាណិជ្ជកម្មអាមេរិក

ប្រធានាធិបតីចិនលោក Xi Jinping បានទស្សនកិច្ចទៅកាន់ទីក្រុងសៀងហៃកាលពីថ្ងៃអង្គារដើម្បីជំរុញឱ្យមានការអភិវឌ្ឍន៍ភាពវៃឆ្លាតបញ្ញាសិប្បនិម្មិត AI និងគូសបញ្ជាក់ពីតួនាទីឈានមុខគេរបស់ប្រទេសចិននៅក្នុងសកលលោកខាងត្បូង GlobalSouth ។

ទោះបីជាលោក Xi មិនបានលើកឡើងពីសង្គ្រាមពាណិជ្ជកម្មដែលចាប់ផ្តើមដោយប្រធានាធិបតីអាមេរិក Donald Trump ក្នុងអំឡុងពេលទស្សនកិច្ចរបស់លោកក៏ដោយ ក៏ជាសារមួយច្បាស់ណាស់ថា ប្រទេសចិនអាចអភិវឌ្ឍបច្ចេកវិទ្យាឈានមុខរបស់ខ្លួន និងមានទីផ្សារជំនួសបាត់ទៅហើយ។

តាមដានជាមួយយើង៖ Million Times

ដំណើរទស្សនកិច្ចនៅទីក្រុងសៀងហៃរបស់លោក Xi ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិដ៏សំខាន់របស់ចិន ខណៈដែលទីក្រុងប៉េកាំងបន្តការអភិវឌ្ឍន៍ AI បន្ទាប់ពីភាពជោគជ័យជាសកលនៃការចាប់ផ្តើមអាជីវកម្ម AI DeepSeek ។

ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ថា លោក Xi បានជំរុញទីក្រុងសៀងហៃ ឱ្យពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលបច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយនឹងឥទ្ធិពលសកលលោកខាងត្បូង ហើយខិតខំធ្វើជាជួរមុខនៃការអភិវឌ្ឍន៍ និងអភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) ។

លោក Xi ក៏បានជំរុញទីក្រុងឱ្យពង្រីកការស្រាវជ្រាវរកគំរូ AI របស់ខ្លួន ហើយបាននិយាយថា គោលនយោបាយគាំទ្របន្ថែមទៀតសម្រាប់បច្ចេកវិទ្យានេះ គួរតែត្រូវបានដាក់ចេញ ខណៈដែលលោកបានទៅមើលមន្ទីរពិសោធន៍ incubation សម្រាប់ការចាប់ផ្តើមអាជីវកម្ម AI និងបានសាកល្បងវ៉ែនតាឆ្លាតវៃ។

ឆ្លៀតពេលនោះ ប្រធានាធិបតី Xi បានទៅទស្សនកិច្ចធនាគារអភិវឌ្ឍន៍ថ្មី មានមូលដ្ឋាននៅទីក្រុងសៀងហៃ ដែលជាអ្នកផ្តល់ប្រាក់កម្ចីពហុភាគីនៃប្រទេសសមាជិក BRICS និងបានជួបជាមួយអតីតប្រធានាធិបតីប្រេស៊ីល លោកស្រី Dilma Rousseff ។ នេះបើតាមទីភ្នាក់ងារ Xinhua ។

លោក Xi បាននិយាយថា ធនាគារគឺជាស្ថាប័នអភិវឌ្ឍន៍ពហុភាគីដំបូងគេដែលផ្តួចផ្តើម និងដឹកនាំដោយសេដ្ឋកិច្ចទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសកំពុងអភិវឌ្ឍន៍ ហើយបានរីកចម្រើនក្នុងរយៈពេលមួយទសវត្សរ៍ជាកម្លាំងដែលកំពុងរីកចម្រើននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ និងជាបដាមាសនៃកិច្ចសហប្រតិបត្តិការសកលលោកខាងត្បូង។

លោកបន្តថា នៅពេលដែលកិច្ចសហប្រតិបត្តិការ BRICS កាន់តែធំឈានចូលដល់ដំណាក់កាលនៃការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ធនាគារអភិវឌ្ឍន៍ថ្មីនឹងត្រៀមខ្លួនដើម្បីចាប់ផ្តើមទសវត្សរ៍មាសទីពីររបស់ខ្លួន។

របាយការណ៍បាននិយាយថា ធនាគារ និងចែករំលែកបទពិសោធន៍អភិវឌ្ឍន៍ជាមួយប្រទេសសមាជិកផ្សេងទៀត។ លោក Xi បាននិយាយបន្ថែមថា ការកើនឡើងរួមនៃសកលលោកខាងត្បូង បានក្លាយជាកម្លាំងដ៏សំខាន់ក្នុងការការពារសន្តិភាពពិភពលោក។

លោក Alfred Wu អ្នក​ជំនាញ​ចិន​នៅ​សាកលវិទ្យាល័យ​ជាតិ​សិង្ហបុរី​បាន​និយាយ​ថា​ ​វា​ជា​ការ​បង្ហាញ​ពី​ភាព​ខ្លាំង។ លោក Wu បាននិយាយថា ដំណើរទស្សនកិច្ចទៅកាន់ ធនាគារអភិវឌ្ឍន៍ថ្មី គូសបញ្ជាក់ពីគោលបំណងដែលលោក Xi ចង់បន្តដាក់ប្រទេសចិនជាមេដឹកនាំនៃសកលលោកខាងត្បូង។ លោកសង្កត់ធ្ងន់ថា “ចិនចង់ផ្តល់ជម្រើសមួយដល់ពិភពលោកប្រឆាំងនឹងសណ្តាប់ធ្នាប់ពិភពលោកដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិក” ។

លោកនិយាយបន្ថែមទៀតថា គោលគំនិតនៃសកលលោកខាងត្បូងបានផុសឡើងដើម្បីកំណត់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរីកចម្រើន ឬប្រទេសដែលមានប្រាក់ចំណូលទាប ដែលភាគច្រើននៅអឌ្ឍគោលខាងត្បូង ហើយជំនួសពាក្យ “ពិភពលោកទីបី” ដែលត្រូវបានប្រើជាទូទៅក្នុងអំឡុងសង្រ្គាមត្រជាក់ឆ្នាំ១៩៤៤-១៩៩០ ។

កាលពីខែវិច្ឆិកា លោក Xi បានប្រកាសអំពីវិធានការណ៍មួយដែលបានរៀបចំឡើងដើម្បីគាំទ្រដល់សកលលោកខាងត្បូងនៅកិច្ចប្រជុំមេដឹកនាំក្រុមសេដ្ឋកិច្ចសំខាន់ៗចំនួន ២០ នៅទីក្រុង Rio de Janeiro ៕

អត្ថបទ៖ សារ៉ាយ រូបភាព៖ Xinhua