លោក Donald Trump Jr. បានបង្កើតអាជីវកម្មថ្មីមួយ ដែលជាក្លិបកម្សាន្តបែបឯកជន និងបើកសម្រាប់តែសមាជិកក្លិបប៉ុណ្ណោះ ខណៈតម្លៃប្រចាំឆ្នាំវិញ សមាជិកម្នាក់ត្រូវបង់ប្រាក់ ៥០០ ០០០ដុល្លារ។ នេះបើតាមការឲ្យដឹងពីទីភ្នាក់ងារព័ត៌មាន Politico។


ក្លិបកម្សាន្តនោះមានឈ្មោះថា Executive Branch ដែលស្ថិតនៅតំបន់ Georgetown ក្នុងទីក្រុងវ៉ាស៊ីងតោន ហើយពួកគេគ្រោងនឹងសម្ពោធក្លិបកម្សាន្តនេះនាខែក្រោយ ប៉ុន្តែមិនបញ្ជាក់ច្បាស់ពីកាលបរិច្ឆេទឡើយ។
ក្លិបកម្សាន្ត Executive Branch ធ្លាប់រៀបចំកម្មវិធីមួយកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ដោយទទួលប្រធានាធិបតី Donald Trump រួមទាំងគណៈរដ្ឋមន្ត្រីរបស់លោកច្រើនជាងពាក់កណ្ដាល ក៏ដូចជាក្រុមមហាសេដ្ឋីជាច្រើនរូប ក្នុងពិធីជួបជុំឯកជនរបស់គ្រួសារមេដឹកនាំអាមេរិក។
Politico បានបញ្ជាក់ថា ដើមទុននៃការបង្កើតក្លិបកម្សាន្តនេះមិនត្រូវបានទម្លាយឲ្យដឹងឡើយ ប៉ុន្តែវាមានចំនួនខ្ទង់សិបលានដុល្លារ ហើយលោក Trump Jr. បង្កើតក្លិបនេះឡើយ ក្នុងគោលបំណងប្រមូលផ្ដុំធុរកិច្ចជនកំពូលៗ និងបុគ្គលមានមុខមាត់ក្នុងសង្គម ដើម្បីបង្កើនឥទ្ធិពលរបស់លោក Donald Trump៕
អត្ថបទ៖ Luffy រូបភាព៖ Yahoo