មហាសេដ្ឋី Ken Griffin អះអាងថា អាមេរិកកំពុងធ្លាក់ចូលភាពក្រីក្រជាងមុន ២០%

មហាសេដ្ឋី Ken Griffin បានអះអាងថា បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងធ្លាក់ក្នុងភាពក្រីក្រជាងមុន ដល់ទៅ ២០% ក្នុងរយៈពេល ៤សប្ដាហ៍ចុងក្រោយនេះ បន្ទាប់ពីតម្លៃលុយដុល្លារបានធ្លាក់ចុះ បើធៀបនឹងប្រាក់អឺរ៉ូ ដោយសារវិធានការទារពន្ធគយរបស់ប្រធានាធិបតី Donald Trump។

តាមដានជាមួយយើង៖ Million Times

សារព័ត៌មាន The Hill បានចុះផ្សាយថា លោក Griffin បានថ្លែងនៅក្នុងកិច្ចប្រជុំសេដ្ឋកិច្ចពិភពលោកថា អាមេរិកកំពុងក្រីក្រជាងមុន ២០% ដោយសារតម្លៃលុយដុល្លារ បានធ្លាក់ចុះដល់ទៅ ៩% រយៈពេលជាងមួយខែមកនេះ។

មហាសេដ្ឋីជំនាញលើការវិនិយោគរូបនេះបញ្ជាក់ទៀតថា ស្ថានភាពប្រាក់ដុល្លារអាមេរិក ទំនងមិនមានភាពរឹងមាំឡើយក្នុងរយៈពេលខ្លី បន្ទាប់ពីបែកធ្លាយចចាមអារ៉ាមថា លោក Jerome Powell ប្រធានធនាគារកណ្ដាលអាមេរិក កំពុងប្រឈមនឹងការបាត់បង់តំណែង។

ស្ថាបនិកក្រុមហ៊ុន Citadel បានអំពាវនាវសុំឲ្យសេដ្ឋវិទូ និងថ្នាក់ដឹកនាំពិភពលោកទាំងអស់ រួមគ្នាបញ្ចប់សង្គ្រាមពាណិជ្ជកម្ម និងដោះស្រាយបញ្ហាពន្ធគយឲ្យលឿនបំផុត ដ្បិតវាមិនបានផ្ដល់ផលចំណេញដល់ភាគីណាមួយឡើយ ពោលមានតែខាតបង់រៀងៗខ្លួន។

អ្នកគាំទ្របក្សសាធារណៈរដ្ឋដ៏ស្មោះស្ម័គ្ររូបនេះ ក៏បានរិះគន់ចំពោះប្រធានាធិបតី Donald Trump ថា គោលនយោបាយទារពន្ធ ចង់ទាញយកក្រុមហ៊ុនបរទេសមកបណ្ដាក់ទុននៅអាមេរិក របស់លោក Trump មានសង្ឃឹមតិចណាស់ទទួលបានជោគជ័យ ដោយសារក្រុមហ៊ុនទាំងនោះ នឹងមិនយកលុយរាប់រយលាន មករកស៊ីក្នុងប្រទេសដែលដាក់គំនាបពាណិជ្ជកម្មលើពួកគេឡើយ៕

អត្ថបទ៖ Luffy រូបភាព៖ Chicago Sun-Times