អាស៊ាន-អាមេរិក ប្តេជ្ញាចិត្តជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពង្រីកកិច្ចសហការធ្វើឲ្យពាណិជ្ជកម្ម និងវិនិយោគកាន់តែស៊ីជម្រៅ

អាស៊ាន-សហរដ្ឋអាមេរិក បានគូសបញ្ជាក់ពីសារៈសំខាន់ នៃការបង្កើនភាពធន់នៃសេដ្ឋកិច្ច និងការពង្រីកកិច្ចសហការពីវិស័យឯកជន ដើម្បីធ្វើឱ្យទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគកាន់តែស៊ីជម្រៅ។ នេះបើតាមលទ្ធផលនៃកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិក លើកទី៣៧ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ នៅខេត្តសៀមរាប។

តាមដានជាមួយយើង៖ Million Times

សេចក្តីប្រកាសព័ត៌មានក្រសួការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឲ្យដឹងថា ភាគីទាំងពីរ បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-សហរដ្ឋអាមេរិក តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យយុទ្ធសាស្ត្រសំខាន់ៗដែលផ្តល់ប្រយោជន៍ទៅវិញទៅមក រួមមានសេវាកម្មឌីជីថល និង ឧស្សាហកម្មផ្អែកលើចំណេះដឹង ស្បៀងអាហារ និងកសិកម្ម បច្ចេកវិទ្យាបៃតង កម្មន្តសាលកម្ម កម្រិតខ្ពស់ សុខាភិបាល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

ទន្ទឹមគ្នានេះដែរ អាស៊ានរំពឹងទទួលបានការបន្តគាំទ្រ របស់សហរដ្ឋអាមេរិក ចំពោះច្រកចេញចូលតែមួយអាស៊ាន ប្រព័ន្ធថាមពលអាស៊ាន និងកិច្ចព្រមព្រៀង ក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA)។

ភាគីទាំងពីរ ក៏បានបង្ហាញសុទិដ្ឋិនិយមដ៏ខ្លាំងក្លាចំពោះអនាគតនៃកិច្ចសហប្រតិបត្តិការអាស៊ាន- សហរដ្ឋអាមេរិក ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនអាស៊ាន និងសហរដ្ឋអាមេរិក។

លោក គង់ ភោគ ឧត្តមមន្ត្រីអាស៊ានរបស់កម្ពុជា បានបញ្ជាក់ថា ក្នុងឋានៈជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក ឆ្នាំ២០២៤-២០២៧ កម្ពុជាប្តេជ្ញាចិត្ត និងត្រៀមខ្លួនដើម្បីសហការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីជំរុញអាទិភាពរួម និងបង្កើនភាពជាដៃគូប្រកបដោយ ភាពក្លៀវក្លា និងទិសដៅឆ្ពោះទៅមុខ៕

អត្ថបទ៖ សាងតេជៈ រូបភាព៖ ក្រសួងការបរទេសកម្ពុជា