ប្រធានាធិបតីអាមេរិក Donald Trump បានអះអាងថា លោកកំពុងពិចារណាបន្ធូរបន្ថយការទារពន្ធគយពីប្រទេសចិន ប៉ុន្តែមិនបញ្ជាក់ថា នឹងអនុវត្តនាពេលណាឡើយ ដោយវាអាស្រ័យលើការសម្រេចចិត្តរបស់ទីក្រុងប៉េកាំង។


សារព័ត៌មាន Aljazeera បានចុះផ្សាយថា លោក Trump បានពិភាក្សាជាមួយរដ្ឋបាលរបស់លោក ជុំវិញបញ្ហាទារពន្ធគយលើបណ្ដាប្រទេសជាច្រើន ក្នុងនោះក៏មានប្រទេសចិនផងដែរ ដោយលោកបញ្ជាក់ថា នឹងមានការបន្ធូរបន្ថយពន្ធទំនិញមួយចំនួនពីចិន បើសិនជាទីក្រុងប៉េកាំងយល់ព្រមដករនាំងពាណិជ្ជកម្មមុន។
លោក Trump ក៏បានបញ្ជាក់ប្រាប់នៅការិយាល័យពងក្រពើ ចំពោះមុខអ្នកសារព័ត៌មានថា ក្រុមការងាររបស់លោក កំពុងស្ថិតក្នុងការចរចាជាមួយភាគីចិន ហើយបច្ចុប្បន្នមានសុទិដ្ឋិនិយមខ្ពស់ ក្នុងការទទួលបានលទ្ធផលល្អទាំងសងខាង។

គួររំលឹកបន្តិចថា ប្រធានាធិបតីអាមេរិកបានប្រកាសទារពន្ធទំនិញពីចិន រហូតដល់ ១៤៥% ដែលធ្វើឲ្យចិនខឹងសម្បារជាខ្លាំង និងបានប្រកាសថា នឹងតស៊ូជាមួយអាមេរិកដល់ទីបញ្ចប់។ ចិនបានទារពន្ធសងសឹកចំពោះអាមេរិកវិញ ១២៥% និងបានធ្វើឲ្យស្ថានភាពពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំង២ ជួបភាពជាប់គាំងមួយរយៈពេល។
ភាពតានតឹងនៃពាណិជ្ជកម្មរវាងចិន និងអាមេរិក បានបង្កការភ័យខ្លាចចំពោះហានិភ័យនៃការកើតមានវិបត្តិសេដ្ឋកិច្ចសកលលោក ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ IMF បានកាត់បន្ថយការព្យាករណ៍ កំណើនសេដ្ឋកិច្ចពិភពលោកក្នុងឆ្នាំ២០២៥ ពី ៣,៣% មកនៅត្រឹម ២,៨% កាលពីសប្ដាហ៍មុន៕
អត្ថបទ៖ Luffy រូបភាព៖ Aljazeera