ក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារដ៏ល្បី Foodpanda បានប្រកាសថា ពួកគេនឹងបញ្ឈប់ការរកស៊ីនៅក្នុងប្រទេសថៃ បន្ទាប់ពីជួបការខាតបង់ប៉ុន្មានឆ្នាំផ្ទួនៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NationThailand។


ក្រុមហ៊ុនមេ Delivery Hero បានអះអាងថា ក្រុមហ៊ុន Foodpanda នឹងបញ្ឈប់រាល់ប្រតិបត្តិការអាជីវកម្មទាំងអស់នៅប្រទេសថៃ ចាប់ពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ តទៅ និងបានថ្លែងសារសុំអរគុណចំពោះដៃគូអាជីវកម្ម និងអតិថិជនរបស់ខ្លួន រយៈពេល ១៣ឆ្នាំមកនេះ។
ក្រុមហ៊ុន Foodpanda សម្រេចចិត្តបោះបង់ទីផ្សារស្រុកថៃចោល បន្ទាប់ពីរកស៊ីខាតដើមប៉ុន្មានឆ្នាំជាប់ៗគ្នា គួបផ្សំនឹងការកើនឡើងនៃគូប្រជែងក្នុងស្រុកផង បានធ្វើឲ្យក្រុមហ៊ុនអាល្លឺម៉ង់នេះ សម្រេចចិត្តបញ្ឈប់ការរកស៊ីតែម្ដង។
Foodpanda អះអាងថា រយៈពេល ៥ឆ្នាំចុងក្រោយ ការរកស៊ីរបស់ខ្លួននៅប្រទេសថៃ មានការខាតបង់ប្រាក់រហូតដល់ជាង ១៣ពាន់លានបាត ឬប្រហែល ៤០០លានដុល្លារ ខណៈទីផ្សារដឹកជញ្ជូនម្ហូបអាហារនៅថៃសព្វថ្ងៃ មិនមានភាពសមស្របតាមគោលដៅរបស់ក្រុមហ៊ុនតទៀតឡើយ៕
អត្ថបទ៖ Luffy រូបភាព៖ PhilStar