សង្វាក់ផលិតកម្មរថយន្តនៅប្រទេសថៃ បន្តដាំក្បាលចុះរយៈពេល ៤ឆ្នាំជាប់គ្នា

កាលពីថ្ងៃទី០៦ ខែកុម្ភៈ សហព័ន្ធឧស្សាហកម្មថៃ (FTI) បានបញ្ចេញរបាយការណ៍ ទាក់ទងនឹងទិន្នន័យសង្វាក់ផលិតកម្មរថយន្តនៃប្រទេសថៃ ប្រចាំឆ្នាំ២០២៤ ដែលមានការថយចុះ ២០% បើធៀបនឹងឆ្នាំ២០២៣ និងជាចំណុចទាបបំផុតក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានVNA។

តាមដានជាមួយយើង៖ Million Times

យោងតាមទិន្នន័យបង្ហាញដោយ FTI បានឲ្យដឹងថា រថយន្តដែលផលិតនៅប្រទេសថៃក្នុងឆ្នាំ២០២៤ មានចំនួន ១,៤៧លានគ្រឿង ថយចុះពីចំនួន ១,៨៣លានគ្រឿងកាលពីឆ្នាំ២០២៣។

រីឯអត្រាលក់រថយន្តក្នុងស្រុកវិញក៏បានធ្លាក់ចុះ ២៦,២% ដោយលក់រថយន្តបានត្រឹម ៥៧២ ៦៧៥គ្រឿង ដែលជាស្ថិតិអាក្រក់បំផុតក្នុងរយៈពេល ១៥ឆ្នាំចុងក្រោយ ដោយសារតម្រូវការខ្សោយ ស្របពេលធនាគារកំពុងរឹតបន្តឹងកម្ចីទិញរថយន្ត ដោយសារបំណុលប្រជាជនក្នុងស្រុកកំពុងមានខ្ពស់។

ដោយឡែក ចំពោះអត្រានាំចេញរថយន្តទៅក្រៅប្រទេសបានថយចុះ ៨,៨% មកនៅត្រឹម ១លានគ្រឿង ដោយសារតែបញ្ហាភូមិសាស្ត្រនយោបាយ ការប្រកួតប្រជែងពីរថយន្តអគ្គិសនី និងវិធានការបញ្ចេញកាបូនដ៏តឹងរ៉ឹងនៅក្នុងប្រទេសមួយចំនួន។

គួររំលឹកបន្តិចថា ប្រទេសថៃគឺមជ្ឈមណ្ឌលផលិតរថយន្តធំបំផុតនៅអាស៊ីអាគ្នេយ៍ និងជាមូលដ្ឋាននាំចេញរថយន្ត របស់ក្រុមហ៊ុនលំដាប់អន្តរជាតិមួយចំនួនរួមមាន Toyota និង Honda ជាដើម៕

អត្ថបទ៖ Luffy រូបភាព៖ AFP