ក្រុម Super Junior និងសិល្បករ K-POP ជាច្រើន គ្រោងមកសម្តែងនៅខ្មែរឆាប់ៗនេះ ក្នុងកម្មវិធីសប្បុរសធម៌មួយ

ក្រុម Super Junior និង​សិល្បករ​ល្បី​ៗ​របស់ K-POP នៃ​សាធារណរដ្ឋ​កូរ៉េ នឹង​ចូលរួម​សម្ដែង​នៅ​កម្ពុជា​ ក្នុង​ព្រឹត្តិការណ៍ “ការ​ប្រគំ​តន្ត្រី​សប្បុរសធម៌​ចែក​រំលែក​សង្គ្រោះ​ជីវិត​សកល”។ នេះបើតាមការឲ្យដឹងពីខាងក្រសួងទេសចរណ៍។

តាមដានជាមួយយើង៖ Million Times
រូបភាព៖ Super Junior

យោង​តាម​ជំនួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ​ រវាង​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ហួត ហាក់,លោក ម៉ម ប៊ុននាង ប្រធាន​គណៈកម្មការ​អង្កេត បោសសម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​ព្រឹទ្ធសភា និង​លោក KIM YONG HWAN នាយក​មូលនិធិ​ចែករំលែក​សង្គ្រោះ​ជីវិត​សកល នៅ​ទី​ស្តី​ការ​ក្រសួងទេសចរណ៍ បាន​លើកឡើង​ពី​គម្រោង​ការ​ប្រគំ​តន្រ្តី​ធំ​មួយ​នា​ពេល​ប៉ុន្មាន​ខែ​ទៀត ដែល​មាន​ក្រុមតារា​លំដាប់​ពិភពលោក​មក​ចូលរួម។

ជំនួបនោះ ធ្វើឡើងកាលពី​ព្រឹក​ថ្ងៃ ១៦ ខែ​មករា ឆ្នាំ២០២៥។ លោក ម៉ម ប៊ុននាង ប្រធាន​គណៈកម្មការ​អង្កេត បោសសម្អាត និង​ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​ព្រឹទ្ធសភា និង​លោក KIM YONG HWAN នាយក​មូលនិធិ​ចែករំលែក សង្គ្រោះ​ជីវិត​សកល បាន​ជម្រាប​ជូន ​ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ពី​គោល​បំណង​ឲ្យ​ក្រសួង​ទេសចរណ៍​ជួយ​សម្របសម្រួល និង​ពិនិត្យ​លទ្ធភាព​ក្នុង​ការ​សហការ​រៀបចំ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិត​សកល”។

សម្រាប់​ការគ្រោងរៀបចំ​ប្រព្រឹត្ត​​ឡើង ​នៅ​ចន្លោះ​ខែ​ឧសភា-ខែ​តុលា ឆ្នាំ ២០២៥ នៅ​រាជធានី​ភ្នំពេញ ដោយ​នឹង​បន្ត​ផ្សព្វផ្សាយ​​ ៥ ប្រទេស​រួមមាន កម្ពុជា, កូរ៉េ, ជប៉ុន, ហ្វីលីពីន និង​ចិន ដែល​មាន​ការ​ចូលរួម​សម្ដែង​ពី​សិល្បករ K-POP ដ៏​ល្បីល្បាញ​របស់​សាធារណរដ្ឋ​កូរ៉េ ជាពិសេស​ក្រុម​តារា​ចម្រៀង​បុរស​ដ៏​ល្បី​ប្រចាំ​វិស័យ K-POP Super Junior និង សិល្បករ​ខ្មែរ​ជាច្រើន​រូប​ទៀត ក្នុងគោលដៅប្រមូលមូលនិធិសប្បុរសធម៌ជួយគាំទ្រដល់មន្ទីរពេទ្យ និង​គ្រឹះស្ថាន​អប់រំ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទ៖ មេរ៉ា, រូបភាព៖ ក្រសួងទេសចរណ៍