លោក Trump គំរាមតំឡើងពន្ធ បើសិនសហភាពអឺរ៉ុបមិនព្រមបង្កើនការទិញប្រេងពីអាមេរិក

ប្រធានាធិបតីជាប់ឆ្នោត Donald Trump បាននិយាយនាថ្ងៃសុក្រ ទី២០ ខែធ្នូថា សហភាពអឺរ៉ុបនឹងប្រឈមជាមួយការតំឡើងពន្ធ បើសិនជាប្លុកមួយនេះមិនព្រមបង្កើនការទិញប្រេងពីអាមេរិក ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារព័ត៌មាន Reuters។

តាមដានជាមួយយើង៖ Million Times

លោក Trump បានសរសេរសារបង្ហោះលើបណ្ដាញសង្គមថា «ខ្ញុំបានប្រាប់សហភាពអឺរ៉ុបថា ពួកគេត្រូវតែកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយអាមេរិក តាមរយៈការបង្កើនការបញ្ជាទិញប្រេង និងឧស្ម័នរបស់ពួកគេ។ បើមិនដូច្នោះទេ ពួកគេនឹងជួបបញ្ហាតំឡើងពន្ធធ្ងន់ធ្ងរ»។

គួររំលឹកបន្តិចថា ក្រុមហ៊ុនរកស៊ីប្រេងនៅតំបន់អឺរ៉ុបភាគច្រើន គឺជាក្រុមហ៊ុនឯកជន ហើយរដ្ឋាភិបាលគ្មានសិទ្ធក្នុងការកំណត់ឲ្យពួកគេ ត្រូវតែទិញប្រេង និងឧស្ម័នពីប្រទេសណាមួយឡើយ។ ម្ចាស់ក្រុមហ៊ុនទាំងនោះ តែងតែជ្រេតម្លៃប្រេង និងភាពងាយស្រួល មុនសម្រេចទិញប្រេង និងឧស្ម័នមកលក់។

សហរដ្ឋអាមេរិកបានវិវត្តខ្លួនក្លាយជាអ្នកផលិតប្រេងធំបំផុតលើលោក ជាមួយសមត្ថភាពផលិត ២០លានបារ៉ែលក្នុងមួយថ្ងៃ និងបាននាំចេញទៅកាន់តំបន់អឺរ៉ុបប្រហែល ២លានបារ៉ែលក្នុងមួយថ្ងៃ។ ប្រទេសក្នុងតំបន់អឺរ៉ុប ដែលជាម៉ូយដុំរបស់អាមេរិកមានដូចជា ហូឡង់ អេស្ប៉ាញ បារាំង អាល្លឺម៉ង់ អ៊ីតាលី ដាណឺម៉ាក និងស៊ុយអែត៕

អត្ថបទ៖ Luffy រូបភាព៖ The Sun