ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នឹងយាងបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល២ថ្ងៃ នៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
ក្នុងសារលិខិតមួយផ្ញើជូនជនរួមជាតិ ព្រះមហាក្សត្រ ទ្រង់មានព្រះបន្ទូលនៅក្នុងឱកាសអវត្តមានរបស់ព្រះអង្គ សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នឹងទទួលជួយក្នុងព្រះបរមនាមព្រះអង្គជាប្រមុខរដ្ឋស្តីទី។
គិតមកដល់ពេលនេះ ទំនាក់ទំនងការទូត ផ្លូវការរវាងកម្ពុជា និងវៀតណាម មានអាយុកាល ៥៧ ឆ្នាំ ហើយ។ ប្រទេសទាំងពីរបានបង្កើត ទំនាក់ទំនងការទូតផ្លូវការជាមួយគ្នា នៅថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ១៩៦៧។
ប្រទេសភូមិផងរបងជាមួយគ្នាទាំងពីរនេះមានព្រំដែនជាប់គ្នាប្រវែងប្រមាណជាង ១ ២៧០ គីឡូម៉ែត្រ និងមានទន្លេមេគង្គហូរកាត់ដូចគ្នា។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ត្រូវបានចងភ្ជាប់ដោយ ចំណង ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ និងនយោបាយ៕
អត្ថបទ៖ សាងតេជៈ រូបភាព៖ បណ្តាញសង្គម