ទោះរងការគម្រាមធ្វើឃាត ក៏ប្រធានាធិបតីហ្វីលីពីននៅបំពេញភារកិច្ចតាមទីសាធារណៈដូចដើម

ទើបទទួលបានការគម្រាមកំហែងធ្វើឃាតពីអនុប្រធានាធិបតី Sara Duterte ថ្មីៗ ក៏លោក Ferdinand Marcos Jr. នៅតែបង្ហាញវត្តមានតាមទីសាធារណៈ បំពេញភារកិច្ចរបស់លោកដូចដើម ដោយមិនសូវអើពើជាមួយការគម្រាមមួយនោះឡើយ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារសារព័ត៌មានហ្វីលីពីន Philstar បានចុះផ្សាយថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ប្រធានាធិបតីហ្វីលីពីន និងជំទាវទីមួយ Liza Marcos បានចូលរួមពិធីផ្ដល់រង្វាន់ ដល់ក្រុមអ្នកច្រៀងរាំនៅអគារប្រធានាធិបតី Malacañang ជាមួយទឹកមុខស្រស់ស្រាយ បង្ហាញពីក្ដីរីករាយ។

គួររំលឹកដែរថា កាលពីថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា លោកស្រីអនុប្រធានាធិបតី Sara Duterte បានថ្លែងនៅក្នុងសន្និសីទខ្លីមួយថា លោកស្រីបានបញ្ជាឲ្យឃាតករ តាមសម្លាប់លោក Marcos និងភរិយារបស់លោកឲ្យខាងតែបាន បើសិនជាលោកស្រីត្រូវបានគេលបធ្វើឃាតសម្រេច។

សារគម្រាមសម្លាប់របស់កូនស្រីអតីតប្រធានាធិបតីហ្វីលីពីនរូបនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់អះអាងថា ជាបញ្ហាសន្តិសុខជាតិ ហើយបច្ចុប្បន្នរដ្ឋាភិបាលកំពុងដាក់ពង្រាយកងកម្លាំងជាច្រើន ដើម្បីតាមដាន និងការពារសុវត្ថិភាពថ្នាក់ដឹកនាំកំពូលរបស់ខ្លួន៕

អត្ថបទ៖ Luffy រូបភាព៖ Philstar