កូនស្រីរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in គឺអ្នកនាង Moon Da-hye ត្រូវបានប៉ូលិសបញ្ជូនខ្លួនទៅតុលាការ កាលពីថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ក្រោយរងការចោទប្រកាន់ពីបទបើកបរក្នុងស្ថានភាពស្រវឹង។


ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap បានដកស្រង់របាយការណ៍ពីប៉ុស្តិ៍ប៉ូលិស Seoul Yongsan ឲ្យដឹងថា អ្នកនាង Moon Da-hye ត្រូវបានបញ្ជូនទៅកាន់តុលាការសង្កាត់ក្រុង Seoul ខាងលិច ដោយមិនមានការឃុំខ្លួន បន្ទាប់ពីរងការប្ដឹងជុំវិញការបើកបុករថយន្តតាក់ស៊ីមួយ ក្នុងសង្កាត់ Itaewon កាលពីថ្ងៃទី០៥ ខែតុលា ដោយនាងបានបើកបរទាំងស្ថានភាពស្រវឹង។
ប៉ូលិសបានឲ្យដឹងទៀតថា នាពេលកើតហេតុនោះ កម្រិតជាតិអាល់កុលក្នុងឈាមរបស់កូនស្រីអតីតប្រធានាធិបតីរូបនេះ មានកម្រិត ០,១៤% ដែលលើសពីចំនួនកំណត់ត្រឹម ០,០៨%។
ចំពោះសំណុំរឿងមួយនេះ ប៉ូលិសបានចោទប្រកាន់អ្នកនាង Moon ពីបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក និងបង្ករបួសស្នាម ខណៈកូនស្រីអតីតមេដឹកនាំកូរ៉េខាងត្បូងរូបនេះ ក៏យល់ទទួលស្គាល់កំហុសដូចគ្នា៕
អត្ថបទ៖ Luffy រូបភាព៖ Yonhap News