ប្រធានាធិបតីជាប់ឆ្នោត Donald Trump បានប្រកាសកាលពីយប់ថ្ងៃអង្គារ៍ ទី១៩ ខែវិច្ឆិកាថា លោកនឹងតែងតាំងលោកស្រី Linda McMahon អតីត CEO ស្ថាប័នកីឡាកាស WWE ជារដ្ឋមន្ត្រីក្រសួងអប់រំ ពេលលោកឡើងកាន់តំណែងពេញលេញ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ CNN។


លោក Trump បានមានប្រសាសន៍ថា៖ Linda នឹងប្រើបទពិសោធន៍រាប់សិបឆ្នាំ ក្នុងនាមជាអ្នកដឹកនាំ និងមានការយល់ដឹងស៊ីជម្រៅក្នុងវិស័យអប់រំ និងធុរកិច្ចរបស់គាត់ ដើម្បីជួយដល់សិស្សានុសិស្ស និងបុគ្គលិកអាមេរិកជំនាន់ក្រោយ។ ពួកយើងនឺងធ្វើឲ្យវិស័យអប់រំនៅអាមេរិក ឈានដល់ចំណុចកំពូលលើពិភពលោក ហើយ Linda គឺជាបុគ្គលសំខាន់ ដើម្បីសម្រេចគោលដៅមួយនេះ។
លោកស្រី Linda McMahon គឺជាអ្នកគាំទ្របក្សសាធារណរដ្ឋ និងជាអ្នកឧបត្ថម្ភធំបំផុតមួយប្រចាំបក្ស។ លោកស្រីធ្លាប់ទទួលបានការតែងតាំងជាអ្នកគ្រប់គ្រងរដ្ឋបាលអាជីវកម្មខ្នាតតូច ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump កាលពីឆ្នាំ២០១៧ តែបានលាលែងពីតំណែងក្នុងឆ្នាំ២០១៩ ដើម្បីមកធ្វើជាប្រធានក្រុម America First Action ដែលជាអ្នកគាំទ្រដ៏ងប់ងុលរបស់លោក Trump។
ក្រោមការគ្រប់គ្រងពីរដ្ឋមន្ត្រីក្រសួងអប់រំថ្មី នាយកដ្ឋានអាចនឹងប្រើប្រាស់ច្បាប់ផ្លូវការ ដើម្បីកែប្រែនូវច្បាប់ ចំណងជើងទី០៩ (Title IX) ដែលរដ្ឋបាលលោកបៃដិន បានដាក់ចេញកាលពីពេលកន្លងទៅ ក្នុងគោលបំណងពង្រីកការការពារសិស្សស្រលាញ់ភេទដូចគ្នា៕
អត្ថបទ៖ Luffy រូបភាព៖ GettyImages