នាថ្ងៃទី១៩ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីថៃ Paethongtarn Shinawatra បានតេទូរស័ព្ទទៅកាន់អនាគតប្រធានាធិបតីអាមេរិក Donald Trump ដោយពួកគេបានជជែកគ្នា និងសន្យាគាំទ្ររដ្ឋបាលរវាងគ្នាទៅវិញទៅមក។


កាសែត BangkokPost បានរាយការណ៍ថា ក្នុងការសំណេះសំណាលតាមរយៈទូរស័ព្ទនេះ ប្រធានាធិបតីជាប់ឆ្នោត Trump បានសរសើរនាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ថៃ ពីភាពវ័យឆ្លាតក្នុងការដឹកនាំប្រទេស និងបានអះអាងថា អាមេរិក ត្រៀមខ្លួនសហការជាមួយថៃរួចស្រេច។
លោក Trump បានប្រាប់ទៅកាន់លោកស្រី Paetongtarn ថា ថៃគឺជាប្រទេសដ៏ស្រស់ស្អាតមួយ ហើយបើសិនជាមានអ្វីឲ្យលោកជួយ សូមប្រាប់លោកត្រង់ៗមកចុះ។
គួររំលឹកបន្តិចថា ប្រទេសថៃគឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញាយូរជាងគេបំផុតរបស់អាមេរិក នៅក្នុងតំបន់អាស៊ី និងជាកន្លែងដែលមានវត្តមានការទូតដ៏ធំបំផុតមួយនៅក្នុងតំបន់។ ប្រទេសទាំងពីរធ្វើសមយុទ្ធយោធារួមគ្នាជារៀងរាល់ឆ្នាំ និងចូលរួមក្នុងការផ្លាស់ប្តូរជាច្រើន រួមទាំងក្នុងការអនុវត្តច្បាប់ផងដែរ។
ប្រទេសថៃ និងវៀតណាម ដែលជាមជ្ឈមណ្ឌលផលិតរថយន្ត និងគ្រឿងអេឡិចត្រូនិក ត្រូវបានព្យាករថា នឹងទទួលបានអត្ថប្រយោជន៍ច្រើនពីរដ្ឋបាលលោកត្រាំ ក្រោយប្រកាសគោលនយោបាយដំឡើងពន្ធនាំចូលទំនិញពីប្រទេសចិន៕
អត្ថបទ៖ Luffy រូបភាព៖ PR Thai Government