មេបក្សប្រឆាំងកូរ៉េខាងត្បូង រងការចោទប្រកាន់ពីបទប្រើថវិកាសាធារណៈ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន

មេដឹកនាំបក្សប្រឆាំងកូរ៉េខាងត្បូង លោក Lee Jae-myung ត្រូវបានតុលាការចោទប្រកាន់ ពីបទប្រើប្រាស់មូលនិធិសាធារណៈ ច្រើនជាង ១០០លានវ៉ុន ឬប្រហែល ៧១ ៩០០ដុល្លារ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap News បានចុះផ្សាយថា តុលាការបានអះអាងថា លោក Lee បានរំលោភសេចក្ដីទុកចិត្ត ដោយបានប្រើលុយ ១០៦លានវ៉ុន ពីប្រជាជនបង់ពន្ធ ដើម្បីជាផលប្រយោជន៍ផ្ទាល់ខ្លួន អំឡុងពេលលោកមានតំណែងជាអភិបាលក្រុង Gyeonggi ចន្លោះពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១។

តុលាការបានបញ្ជាក់ទៀតថា ទឹកប្រាក់ទាំងនោះ ត្រូវបានលោក Lee យកទៅទិញម្ហូបអាហារថ្លៃៗ ទិញសម្ភារៈប្រើប្រាស់ទំនើបៗ ដើម្បីគ្រួសាររបស់លោក ហើយក្លែងបន្លំវិក័យបត្រទាំងនោះ ជាការចំណាយលើការជួបជុំបុគ្គលិកសាធារណៈវិញ។

បច្ចុប្បន្នលោក Lee កំពុងប្រឈមនឹងការកាត់ទោសចំនួន ៤ករណី រាប់បញ្ចូលទាំងការចោទប្រកាន់ពីបទស៊ីសំណូកសូកប៉ាន់ និងករណីឆបោកគម្រោងអចលនទ្រព្យ ដែលមានតម្លៃ ១ពាន់លានដុល្លារថែមទៀត។

សូមជម្រាបដែរថា ការដាក់ទោសលើសេចក្ដីរំលោភទំនុកចិត្ត អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំ និងពិន័យជាសាច់ប្រាក់ ៣០លានវ៉ុន ហើយលោក Lee អាចនឹងត្រូវដកហូតសិទ្ធ ជាសមាជិកសភា និងបាត់បង់សិទ្ធឈរឈ្មោះបោះឆ្នោតរយៈពេល ៥ឆ្នាំថែមទៀត បើសិនតុលាការរកឃើញថា លោកពិតជាបានប្រព្រឹត្ត ដូចការចោទប្រកាន់៕

អត្ថបទ៖ Luffy រូបភាព៖ The Korea Times