កិច្ចប្រជុំកំពូល G20 លើកទី១៩ កំពុងចាប់ផ្ដើមធ្វើឡើងនៅក្នុងទីក្រុង Rio de Janeiro ដោយមានប្រទេសប្រេស៊ីល ជាម្ចាស់ផ្ទះពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា។


សារព័ត៌មាន Outlook បានរាយការណ៍ថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែវិច្ឆិកានេះ មេដឹកនាំនៃប្រទេសជាសមាជិក G20 ដែលសុទ្ធសឹងតែជាមហាអំណាចសេដ្ឋកិច្ច បានធ្វើដំណើរមកដល់កន្លែងប្រជុំជាបណ្ដើរៗហើយ លើកលែងតែប្រទេសរុស្ស៊ីមួយ ដែលបញ្ជូនរដ្ឋមន្ត្រីការបរទេស Sergi Lavrov ជាតំណាងប្រទេស ក្នុងកិច្ចប្រជុំកំពូលនេះ។

មេដឹកនាំកំពូលនៃប្រទេសជាសមាជិក ដែលចូលរួមកិច្ចប្រជុំមួយនេះរួមមាន ប្រធានាធិបតីអាមេរិក Joe Biden ប្រធានាធិបតីចិន Xi Jinping នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ប្រធានាធិបតីអាហ្សង់ទីន Javier Milei នាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ប្រធានាធិបតីបារាំង Emmanuel Macron អធិការបតីអាល្លឺម៉ង់ Olaf Scholz នាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni ប្រធានាធិបតីទួរគី Recep Tayyip Erdogan ប្រធានាធិបតីឥណ្ឌូណេស៊ី Prabowo Subianto ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol។
បន្ថែមពីនោះក៏នៅមានវត្តមានថ្នាក់ដឹកនាំកំពូលពិភពលោកជាច្រើនទៀត នៅក្នុងកិច្ចប្រជុំមួយនេះផងដែរ ដូចជា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នាយករដ្ឋមន្ត្រីសិង្ហបុរី Lawrence Wong និងប្រធានាធិបតីនីហ្សេរីយ៉ា Bola Ahmed Tinubu ជាដើម។
អត្ថបទ៖ Luffy រូបភាព៖ France 24