សភាវៀតណាម តែងតាំងនាយឧត្តមសេនីយផ្កាយ៤ ជាប្រធានាធិបតីថ្មី

នារសៀលថ្ងៃទី២១ ខែតុលា សភាវៀតណាមបានប្រកាសតែងតាំងលោក Luong Cuong នាយឧត្តមសេនីយផ្កាយ៤ មកកាន់តួនាទីជាប្រធានាធិបតី ជំនួសលោក To Lam ដែលសម្រេចចិត្តលាលែងពីតំណែងមួយនេះ ហើយផ្ដោតសំខាន់តែលើតួនាទីជាអគ្គលេខាធិការបក្សកុម្ម៉ុយនីស្តវិញ។

តាមដានជាមួយយើង៖ Million Times

ទីភ្នាក់ងារសារព័ត៌មាន AP បានរាយការណ៍ថា លោក Cuong មានវ័យ ៦៧ឆ្នាំ គឺជាសមាជិកអចិន្ត្រៃយ៍នៃគណបក្សកុម្ម៉ុយនីស្តវៀតណាមតាំងពីខែឧសភា ឆ្នាំ២០២៤ និងបានបម្រើកងទ័ពយោធារយៈពេលជាង ៤០ឆ្នាំមកហើយ។

នាយកឧត្ដមសេនីយផ្កាយ៤ រូបនេះ ទទួលបានសម្លេងគាំទ្រពីសមាជិកសភា ១០០% ក្នុងចំណោមការបោះឆ្នោតតែងតាំងប្រធានាធិបតី ចំនួន ៤៤០សម្លេង។

ការតែងតាំងប្រធានាធិបតីវៀតណាមថ្មី ត្រូវបានអ្នកវិភាគនយោបាយនៅវៀតណាមអះអាងថា ជាការស្ដារស្ថានភាពនយោបាយ ដែលវៀតណាមបានជួបភាពវឹកវរ អំឡុងពេលបង្ក្រាបអំពើពុករលួយពេញផ្ទៃប្រទេស ក៏ដូចជាពង្រឹងសន្តិសុខសង្គមមួយកម្រិតទៀតផងដែរ។

គួរជម្រាបដែរថា រចនាសម្ព័ន្ធថ្នាក់ដឹកនាំនៅប្រទេសវៀតណាម គឺមាន ៤តំណែងកំពូលៗដូចជា អគ្គលេខាធិការបក្ស ប្រធានាធិបតី នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា៕

អត្ថបទ៖ Luffy រូបភាព៖ VNExpress